សាររបស់ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធ នឹងជំងឺអេដស៍ សើស្បែក និងកាមរោគ

ខ្ញុំបាទសូមស្វាគមន៍ ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញាទាំងអស់ ចំពោះការប្រើប្រាស់
គេហទំព័រ មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ នៃក្រសួងសុខា ភិបាលប្រទេសកម្ពុជា។
គេហទំព័ររបស់មជ្ឈមណ្ឌលជាតិ បានផ្តើមដំណើរការចាប់តាំងពីឆ្នាំ២០០៦ ដើម្បីផ្សព្វផ្សាយនូវព័ត៌មាន និងទិន្នន័យជាច្រើនសម្បូរបែប ដោយផ្តោតលើការងារគ្រប់គ្រងកម្មវិធីបង្ការ ថែទាំ និងព្យាបាលជំងឺអេដស៍ ជំងឺកាមរោគ និងសើស្បែក នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ព័ត៌មានទាំងអស់នេះ គឺជាព័ត៌មានផ្លូវការដែលជាលទ្ធផល នៃការអនុវត្តសកម្មភាព និងអន្តរាគមន៍បង្ការ ថែទាំ និងព្យាបាលបន្ត (Continuum of Prevention, Care and Treatment) លទ្ធផល នៃការអង្កេតជីវសាស្ត្ររក មេរោគអេដស៍ និងកាមរោគ និងការប្រព្រឹត្តជាប្រចាំ (Routine Surveillance: HSS, BSS, SSS) របាយការណ៍គ្រប់ជ្រុងជ្រោយរបស់កម្មវិធីជាតិ (NCHADS comprehensive Reports) ការសិក្សាស្រាវជ្រាវ តាមបែបបទវិទ្យាសាស្រ្ត និងប្រព័ន្ធព័ត៌មានជាផ្លូវការ របស់អង្គការជាតិ និងអន្តរជាតិទាក់ទងនឹងមេរោគអេដស៍ និងកាមរោគ ផងដែរ។
ទន្ទឹមនឹងនេះព័ត៌មាន ស្តីពីសកម្មភាពរបស់ផ្នែកជំនាញនានា នៃមជ្ឈមណ្ឌលជាតិ ត្រូវបានធើ្វបច្ចុប្បន្នភាពជារៀងរាល់ខែ។ ឆ្លៀតក្នុងឱកាសនេះ ខ្ញុំបាទសូមថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅជូន ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលបានចូលរួមផ្តល់ព័ត៌មាន និងទិន្នន័យដល់គេហទំព័រ របស់មជ្ឈមណ្ឌលជាតិ ហើយជឿជាក់ថា ឯកឧត្តម លោកជំទាវ លោក លោកស្រី និងបន្តផ្តល់នូវព័ត៌មាន នឹងទិន្នន័យដល់គេហទំព័រនេះ។
ខ្ញុំបាទសូមគោរពអញ្ជើញ ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា ប្រើប្រាស់គេហទំព័រនេះ និងសូមស្វាគមន៍នូវរាល់មតិ និងអនុសាសន៍ក្នុងការកែលម្អនូវចំណុចខ្វះខាតដើម្បីធ្វើឱ្យគេហទំព័រកាន់តែមានភាពប្រសើរឡើង និងងាយស្រួលប្រើបា្រស់។
សូមគោរពថ្លែងអំណរគុណទុកជាមុន !
សាស្ត្រាចារ្យជំនួយ អ៊ុក វិជ្ជា
ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ